សព្វថ្ងៃនៅ ភាសាខ្មែរនៅតែជាប្រធានបទមួយដ៏ក្ដៅគគុកសម្រាប់ការពិភាក្សានៅស្ថាប័នមួយចំនួន ក៏ដូចជានៅលើទំព័រកាសែត ។ មានមតិច្រើនត្រូវបានលើកឡើង ប៉ុន្តែផ្លូវដែលត្រូវដើររួមគ្នាមួយនោះមិនទាន់ត្រូវបានគេរកឃើញជាក់ច្បាស់នៅឡើយ ។ ដោយផ្អែកតាមស្ថានភាពបច្ចុប្បន្ន ដែលផ្ដល់នូវភាពមិនច្បាស់លាស់សម្រាប់អ្នកប្រើប្រាស់ភាសាខ្មែរ គណៈកម្មាធិការជាតិភាសាខ្មែរ សម្រេចឲ្យប្រើប្រាស់អក្ខរាវិរុទ្ធតាមវចនានុក្រមខ្មែរ (សម្ដេចព្រះសង្ឃរាជ ជួន ណាត) ។ ម៉្យាងដោយមើលឃើញពីការរីកចម្រើនឥតឈប់ឈររបស់សម្ភារៈបច្ចេកវិទ្យា និងដើម្បីចូលរួមចំណែកដោះស្រាយបញ្ហា តាមធនធានដ៏ស្ដួចស្ដើងដែលខ្លួនមានផងនោះ បានធ្វើឱ្យវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ មាន លោក ងួន វ៉ាន់ ចន្ធី ជានាយក បានរៀបចំក្រុមការងារមួយ នៅថ្ងៃទី ០៩ ខែតុលា ឆ្នាំ ២០០៥ ក្នុងគោលបំណង៖
១.អនុវត្តតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលមានសម្ដេច អគ្គ មហា សេនា បតី តេជោ ហ៊ុន សែនជានាយក រដ្ឋ មន្ត្រី នៃ ព្រះ រាជាណាចក្រ កម្ពុជា លើវិស័យ អក្សរសាស្ត្រ និងស្មារតីនៃការណែនាំរបស់ ឯ.ឧ. សុខ អានប្រធាន គណៈកម្មាធិការ ជាតិ ភាសាខ្មែរ ដែលមានគោលដៅធ្វើឲ្យមានស្ថិរភាព និងអភិវឌ្ឍន៍លើវិស័យអក្សរសាស្ត្រ រួមចំណែកជាមួយគោលនយោបាយចតុកោណជំហានទី២ របស់រាជរដ្ឋាភិបាលសំដៅអភិវឌ្ឍប្រទេសលើគ្រប់វិស័យ ។
២. ថែរក្សា និងលើកកម្ពស់ស្នាដៃរបស់សម្ដេចសង្ឃរាជ ជួន ណាត និងបន្តនិរន្តរភាព របស់វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យលើវិស័យអក្សរសាស្ត្រ ដោយធ្វើឲ្យកាន់តែ ប្រសើរឡើងថែមទៀតនូវវចនានុក្រមនេះតាម ជំហាន ដូចខាងក្រោម៖
ក. រៀបចំការកែសម្រួលកំហុសអក្ខរាវិរុទ្ធ ដែលបណ្ដាលមកពីការបោះពុម្ពលើកទី ៥
ខ. រៀបចំបញ្ជីពាក្យ (ក្នុងវចនានុក្រមពាក្យមួយអាចសរសេរបានពីរ ឬបី បែប ដើម្បី ដាក់ស្នើទៅគណៈកម្មាធិការជាតិភាសាខ្មែរអនុម័ត និងសម្រេចក្នុងការសរសេរ ឲ្យបាន ឯកភាពគ្នា)
គ. ជ្រើសយកពាក្យពីនិយមន័យក្នុងវចនានុក្រមខ្មែរ ដែលបានបោះ-ពុម្ពលើកទី ៥ ឲ្យក្លាយជាមេពាក្យឡើង
ឃ. រៀបចំបង្កើតវចនានុក្រមខ្មែរអេឡិចត្រូនិក និងកែលំអរាល់ឆ្នាំ
ង. ក្រោយពីបានបន្ថែមមេពាក្យថ្មី រួមទាំងនិយមន័យមក វិទ្យាស្ថានមានគ្រោងបោះពុម្ព វចនានុក្រមខ្មែរលើកទី ៦ បន្តទៀត
៣. សហការជាមួយដៃគូសហប្រតិបត្តិការមួយចំនួនដែលមានទស្សនវិស័យដូចគ្នា ដូចជា វិទ្យាស្ថានបើកទូលាយ (Open Institute), SEALang និងបុគ្គលស្រាវជ្រាវឯករាជ ជាដើម ដើម្បីឲ្យសម្រេចគោលដៅដែលបានពោលខាងលើ ។
៤. បន្តការធ្វើវចនានុក្រមខ្មែរទូទៅជាអេឡិចត្រូនិក ក្រោយពីបានដកពិសោធន៍ពី វចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត រួចមក (ករណីមានលទ្ធភាពគ្រប់គ្រាន់)។
សម្រាប់របៀបប្រើប្រាស់ផ្សេងៗ ក្នុងវចននានុក្រមខ្មែរ នឹងធ្វើការចុះផ្សាយនៅលេខបន្តបន្ទាប់ទៀត។
ដកស្រង់អត្តបទពី វចនានុក្រមខ្មែរ កំណែ២.០
ទាញយក: វចនានុក្រមខ្មែរ កំណែ២.០
វិបសាយ: http://www.budinst.gov.kh/
No comments:
Post a Comment